១. តើសារការីជានរណា?
សារការីជាមន្ត្រីសាធារណៈដែលត្រូវបានតែងតាំងដោយរាជរដ្ឋាភិបាលកម្ពុជា ហើយទទួលបាន នូវសិទ្ធិអំណាចក្នុងការតាក់តែងលិខិតយថាភូត ធានាកាលបរិច្ឆេទ តម្កល់ រក្សាទុក និងចេញសេចក្តីចម្លង យថាភូតនៃលិខិត ។ល។ សារការីអនុវត្តមុខងាររបស់ខ្លួនក្នុងក្របខណ្ឌវិជ្ជាជីវៈសេរីនៅក្នុងមន្ទីរសារការី របស់ខ្លួន ។
សារការីជាអ្នកវិជ្ជាជីវៈដែលមានជំនាញផ្នែកច្បាប់លើវិស័យអចលនវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិ សន្តតិកម្ម គ្រួសារ និងពាណិជ្ជកម្មជាអាទិ៍ ។
២. អ្វីទៅជាលិខិតយថាភូត?
លិខិតយថាភូតជាលិខិតដែលធ្វើឡើងតាមរូបមន្តច្បាប់ ដោយមន្ត្រីសាធារណៈ ដែលត្រូវបាន អនុញ្ញាតឲ្យប្រតិបត្តិមុខងារនោះ។ តាមន័យចង្អៀត លិខិតយថាភូត ជាលិខិតទាំងឡាយដែលរៀបចំឡើង ដោយសារការី ។
លិខិតយថាភូតរបស់សារការីមានតម្លៃជាភស្តុតាងរឹងមាំ ដែលគេត្រូវជឿទុកចិត្តថាត្រឹមត្រូវ លើកលែងតែមានភស្តុតាងបញ្ជាក់ពីការក្លែងបន្លំដោយសារការី។ មិនតែប៉ុណ្ណោះ លិខិតមួយចំនួនដែល តាក់តែងឡើងដោយសារការី ជាលិខិតអនុវត្តដែលមានតម្លៃស្មើនឹងសាលក្រម ឬសាលដីកាស្ថាពរ ។
៣. តើសារការីមានតួនាទីអ្វីខ្លះ?
សារការី ជាអ្នកធានានូវភាពពិតប្រាកដត្រឹមត្រូវ និងស្របច្បាប់នៃលិខិត ។ នាពេលបច្ចុប្បន្ន មន្ទីរ សារការីត្រូវបានបង្កើតដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយមានសារការីជាអ្នកអនុវត្តការងារនៃ មន្ទីរនោះ។ ក្នុងបរិបទនេះ ពាក្យថា “មន្ទីរ” សំដៅដល់កន្លែងបំពេញមុខងាររបស់សារការី។
ជាក់ស្តែង រាជរដ្ឋាភិបាលបានផ្តល់តួនាទី និងភារកិច្ចដល់ មន្ទីរសារការី អេស ខេ វ៉ាយនៃព្រះរាជា-ណាចក្រកម្ពុជា ដូចខាងក្រោម៖
- ទទួលធ្វើកិច្ចសន្យា ឬលិខិតគតិយុត្តទាំងឡាយដែលរូបវន្តបុគ្គល ឬនីតិបុគ្គលគ្រប់ប្រភេទត្រូវការ
- ផ្តល់ប្រឹក្សាយោបល់ចំពោះកិច្ចការពាណិជ្ជកម្ម វិនិយោគ កិច្ចការគ្រួសារ និងការគ្រប់គ្រងចាត់ចែង ទ្រព្យសម្បត្តិ
- ផ្តល់ការបញ្ជាក់សុពលភាពចំពោះការបង្កើត ឬកែប្រែលក្ខន្តិកៈក្រុមហ៊ុន និងនីតិបុគ្គលគ្រប់ប្រភេទ
- ផ្តល់យថាភូតភាពដល់លិខិតគតិយុត្ត ឬកិច្ចសន្យា ឬឯកសារបកប្រែទាំងឡាយ តាមច្បាប់តម្រូវ ឬតាមការស្នើសុំរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលគ្រប់ប្រភេទ
- ស្នើសុំឲ្យស្ថាប័នអនុវត្តធ្វើការអនុវត្តដោយបង្ខំនូវលិខិតគតិយុត្ត ឬ កិច្ចសន្យាដែលទទួលបាន យថាភូតភាពពីសារការី
- ទទួលបញ្ជាក់ការចម្លងត្រឹមត្រូវតាមច្បាប់ដើមនូវរាល់លិខិតគតិយុត្ត ឬកិច្ចសន្យានានាតាមច្បាប់ តម្រូវ ឬតាមការស្នើសុំរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលគ្រប់ប្រភេទ
- បញ្ជាក់ធានាហត្ថលេខា និងកាលបរិច្ឆេទនៃលិខិតគតិយុត្ត ឬកិច្ចសន្យានានា
- ធ្វើសំណើចុះបញ្ជី ឬចុះហត្ថលេខាចារឹកទៅស្ថាប័នមានសមត្ថកិច្ច
- ទទួលតម្កល់ និងរក្សាទុកច្បាប់ដើមនៃកិច្ចសន្យា លិខិតឯកតោភាគីផ្សេងៗ មតកសាសន៍ និងលិខិត ស្នាមគ្រប់ប្រភេទ
- ចេញច្បាប់ចម្លងនៃលិខិតយថាភូត និង
- ទទួលធ្វើកិច្ចការផ្សេងៗទៀត ដែលអនុញ្ញាតដោយច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។
៤. តើលិខិតដែលធ្វើឡើងដោយសារការី មានសារៈសំខាន់យ៉ាងដូចម្តេច?
លិខិតដែលតាក់តែងឡើងដោយសារការី ធានាបាននូវនីត្យានុកូលភាព និង យថាភូតភាព (ភាពត្រឹមត្រូវ និងភាពស្របច្បាប់) ដោយហេតុថាសារការីទទួលបាននូវសិទ្ធិអំណាចក្នុងការអនុវត្តមុខងារពីរាជរដ្ឋាភិបាល ។ សារការីប្រៀបដូចជាចៅក្រមតាមការស្ម័គ្រចិត្ត និងអ្នកដោះស្រាយវិវាទក្រៅផ្លូវតុលាការ ព្រមទាំងដើរតួនាទីជាសាក្សីប្រកបដោយសុក្រឹតភាពចំពោះអត្តសញ្ញាណរបស់បុគ្គលដែលចុះហត្ថលេខាលើកិច្ចសន្យា។ លិខិតគតិយុត្តដែលតាក់តែងឡើងដោយសារការីមានតម្លៃភស្តុតាងរឹងមាំ ហើយលិខិត មួយចំនួនមានតម្លៃគតិយុត្តស្មើនឹងសាលក្រម ឬសាលដីកាស្ថាពរ ។
លិខិតដែលធ្វើឡើងដោយសារការី មានសារប្រយោជន៍ ដូចខាងក្រោម៖
ក. បង្កើតសុពលភាពចំពោះកិច្ចសន្យាផ្ទេរសិទ្ធិកម្មសិទ្ធិលើអចលនវត្ថុ
រាល់កិច្ចសន្យាផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ (ការលក់ទិញ ការដូរ និងប្រទានកម្ម) ត្រូវធ្វើក្រោមទម្រង់ ជាលិខិតយថាភូត ។
ខ. បង្កើតលក្ខខណ្ឌតតាំងចំពោះកិច្ចសន្យាបង្កើតសិទ្ធិប្រាតិភោគលើអចលនវត្ថុ
- ប្រាតិភោគលើអចលនវត្ថុមានន័យថា ការយកអចលនវត្ថុមកធ្វើជាវត្ថុដើម្បីធានាការសងបំណុល របស់ខ្លួន។ ប្រាតិភោគលើអចលនវត្ថុមានពីរប្រភេទ គឺការបញ្ចាំអចលនវត្ថុ និងហ៊ីប៉ូតែក។ ដើម្បី អាចតតាំងនឹងតតិយជនបាន កិច្ចសន្យាបង្កើតហ៊ីប៉ូតែកត្រូវធ្វើជាទម្រង់លិខិតយថាភូត និងត្រូវចុះ បញ្ជីនៅអង្គភាពសុរិយោដី។
- កិច្ចសន្យាបង្កើតសិទ្ធិប្រាតិភោគដែលធ្វើឡើងដោយសារការីជាលិខិតយថាភូតដែលត្រូវបានទទួល ស្គាល់ដោយច្បាប់សម្រាប់នីតិវិធីចុះបញ្ជី ដោយមិនចាំបាច់ឆ្លងកាត់ការបញ្ជាក់ពីមន្រ្តីមូលដ្ឋានដូច លិខិតឯកជនដែលធ្វើឡើងដោយគូភាគីនៃកិច្ចសន្យា ឬមេធាវីនោះទេ។
គ.អាចអនុវត្តដោយបង្ខំភ្លាមៗក្នុងករណីមានការខកខានអនុវត្តកាតព្វកិច្ចដោយកូនបំណុល
- ការអនុវត្តដោយបង្ខំ ជាការបង្ខំឲ្យភាគីណាមួយនៃកិច្ចសន្យា ធ្វើការអនុវត្តកាតព្វកិច្ចរបស់ខ្លួនតាម នីតិវិធីតុលាការក្នុងករណីមិនមានការអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តដោយផ្អែកលើលិខិតអនុវត្ត (សាលក្រម ឬសាលដីកាស្ថាពរ ឬលិខិតយថាភូតរបស់សារការី ជាដើម) ។
- ម្ចាស់បំណុលអាចទាមទារឲ្យអនុវត្តដោយបង្ខំភ្លាមៗ តាមរយៈលិខិតយថាភូតរបស់សារការី ដោយ មិនចាំបាច់ឆ្លងកាត់ការជំនុំជម្រះផ្នែកអង្គសេចក្តីនៅតុលាការ ។ ហេតុដូចនេះ ម្ចាស់បំណុលអាច ចំណេញពេលវេលាយ៉ាងតិចណាស់ពី ០១ ឆ្នាំ ទៅ ០៥ ឆ្នាំ លើការទាមទារសិទ្ធិលើបំណុលរបស់ ខ្លួនក្នុងករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា ។