អាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឱឡារិកមួយ ធ្វើឡើងដោយបុរសម្នាក់ និងស្ត្រីម្នាក់ដែលប្តេជ្ញាថា ខ្លួននឹងរួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។
អាពាហ៍ពិពាហ៍ នឹងមានអានុភាព ដោយការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជីនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។ នៅពេលដែលនីតិវិធីខាងលើត្រូវបានបំពេញរួចរាល់ មន្ត្រីអត្រានុកូលដ្ឋាននឹងចេញសំបុត្រអាពាហ៍ពិពាហ៍ជូនអ្នកដាក់ពាក្យសុំ។
ការរួមរស់នៅជាមួយគ្នា ដោយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ គេហៅថា អនីតិសង្វាស។ បើមើលពីរូបភាពខាងក្រៅនៃទំនាក់ទំនង វាពុំមានលក្ខណៈខុសគ្នាពីការរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធស្របច្បាប់នោះទេ គ្រាន់តែការរួមរស់នៅជាមួយគ្នានោះមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍។ ប៉ុន្តែ ការណ៍នេះអាចនាំឱ្យប្តីប្រពន្ធនោះបាត់បង់នូវសិទ្ធិ ឬផលប្រយោជន៍ដូចប្តីប្រពន្ធដែលច្បាប់ទទួលស្គាល់។
ផលវិបាកតាមផ្លូវច្បាប់ដែលកើតឡើងដោយសារមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ មានដូចខាងក្រោម៖
១. ទំនាក់ទំនងរវាងប្តីប្រពន្ធ
ទំនាក់ទំនងរវាងប្តី និងប្រពន្ធ ប្រឈមទៅនឹងការបាត់បង់ ឬ ត្រូវបានរំលាយគ្រប់ពេលវេលា ដោយមិនឆ្លងកាត់តាមផ្លូវតុលាការ។ នេះហៅថា ទំនាក់ទំនងបង្កើតឡើងដោយសេរី ហើយអាចរំលាយទៅវិញដោយសេរី។
២. ចំណូលគ្រួសារ
ចំណូលដែលប្តីប្រពន្ធទទួលបានក្នុងអំឡុងពេលរួមរស់ជាមួយគ្នា គឺមិនមែនជាទ្រព្យសម្បត្តិរួមឡើយ តែជាទ្រព្យសម្បត្តិដោយឡែករៀងៗខ្លួន មានន័យថា អ្នកណារកបាន អ្នកនោះជាម្ចាស់នៃផលប្រយោជន៍នោះ។
៣. លក្ខណសម្បត្តិជាសន្តតិជន (ទាយាទ)
ប្តីប្រពន្ធដែលពុំមានអាពាហ៍ពិពាហ៍ស្របច្បាប់ មិនអាចក្លាយជាទាយាទក្នុងការស្នងមត៌ក នៅពេលដែលភាគីម្ខាងទៀតទទួលមរណភាពឡើយ។ ដើម្បីបញ្ចៀសអំពីបញ្ហានេះ ប្តីឬប្រពន្ធអាចតាក់តែងបណ្តាំមត៌ក ដោយកំណត់អំពីការបែងចែកទ្រព្យសម្បត្តិឱ្យភាគីម្ខាងទៀតបាន មុននឹងខ្លួនទទួលមរណភាព ហើយមត៌កនឹងធ្លាក់ទៅលើប្តីឬប្រពន្ធរបស់ខ្លួន នៅពេលដែលខ្លួនទទួលមរណភាព។
៤. កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ
ប្តីប្រពន្ធមិនអាចតាក់តែង និងចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធដែលច្បាប់ទទួលស្គាល់ ដែលមានខ្លឹមសារកំណត់អំពីទ្រព្យសម្បត្តិរួម និងដោយឡែក ឱ្យមានភាពច្បាស់លាស់ស្របទៅតាមឆន្ទៈរបស់ប្តីប្រពន្ធឡើយ។
៥. ករណីយកិច្ចរួមរស់នៅជាមួយគ្នា សហការគ្នា និងសង្គ្រោះគ្នាទៅវិញទៅមក
ក. ករណីយកិច្ចរួមរស់នៅជាមួយគ្នា៖
ប្តីប្រពន្ធមិនមានករណីយកិច្ចរួមរស់ជីវភាពជាមួយគ្នាឡើយ។ មានន័យថា ប្តីនិងប្រពន្ធមិនមានចំណងតាមផ្លូវច្បាប់ ដែលតម្រូវឱ្យរួមរស់នៅតែជាមួយគ្នារហូតនោះទេ។
ក្នុងករណីដែលប្តីឬប្រពន្ធបានរួមសេវនកិច្ចជាមួយអ្នកដទៃក្រៅពីប្តី ឬប្រពន្ធរបស់ខ្លួន (ទំនាក់ទំនងផ្លូវភេទ) ប្តី ឬប្រពន្ធនោះមិនត្រូវបានចាត់ទុកថាបានប្រព្រឹត្តបទផិត ដែលឈានទៅដល់ការផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌឡើយ។
ខ. ករណីយកិច្ចសហការ៖
ប្តីប្រពន្ធ មិនត្រូវបានតម្រូវឱ្យគ្រប់គ្រងទ្រព្យសម្បត្តិដោយសហការគ្នា ដូចទៅនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធស្របច្បាប់ឡើយ។
មួយវិញទៀត នៅពេលដែលប្តីប្រពន្ធមានកូន សិទ្ធិក្នុងការគ្រប់គ្រងកូន (អំណាចមេបា) ជាគោលការណ៍ត្រូវធ្លាក់លើម្តាយ (អំណាចមេបាទោល) ប៉ុន្តែ ឪពុកម្តាយអាចពិភាក្សាគ្នាដោយកំណត់ថា ឪពុកមានសិទ្ធិគ្រប់គ្រងកូន។ ចំពោះឪពុក ឬម្តាយ ដែលគ្មានសិទ្ធិគ្រប់គ្រងកូន មានសិទ្ធិចូលជួប និងប្រាស្រ័យទាក់ទងជាមួយកូន និងត្រូវផ្គត់ផ្គង់សោហ៊ុយដើម្បីចិញ្ចឹមកូន ផងដែរ។ ក្នុងករណីដែលមិនអាចពិភាក្សាគ្នាបាននូវចំណុចដូចបានរៀបរាប់ខាងលើទេ ប្តីឬប្រពន្ធអាចដាក់សុំឱ្យតុលាការសម្រេចបាន។
គ. ករណីយកិច្ចសង្គ្រោះគ្នាទៅវិញទៅមក៖
ប្រសិនបើប្តី ឬប្រពន្ធមានជីវភាពខ្វះខាត ឬ ធ្លាក់ក្នុងស្ថានភាពលំបាកខាងផ្នែកហិរញ្ញវត្ថុ នោះប្តីឬប្រពន្ធម្ខាងទៀតមិនត្រូវបានតម្រូវដោយច្បាប់ក្នុងការផ្គត់ផ្គង់ ឬ ផ្តល់ជាសោហ៊ុយ ប្រាក់កាស ជាដើម ទៅភាគីដែលធ្លាក់ក្នុងស្ថានភាពលំបាកនោះឡើយ (តាមផ្លូវច្បាប់ហៅថា អាហារកាតព្វកិច្ច)។
៦. សិទ្ធិក្នុងការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់
ប្តី ឬ ប្រពន្ធ អាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយអ្នកដទៃផ្សេងទៀតបានដោយសេរី ដោយពុំមានបទល្មើសព្រហ្មទណ្ឌឡើយ។
៧. សំណងការខូចខាត (អាហារកិច្ច)
នៅពេលបញ្ចប់ទំនាក់ទំនងជាមួយគ្នា ប្តីឬប្រពន្ធដែលគ្មានកំហុស ហើយមានជីវភាពខ្វះខាត មិនទទួលបានសំណងការខូចខាតឡើយ។
៨. ការទទួលស្គាល់កូន (ការមិនទទួលបានភាពជាឪពុកដោយស្វ័យប្រវត្តិ)
នៅពេលដែលប្តីប្រពន្ធមានកូន ចំពោះប្តី ដើម្បីក្លាយជាឪពុករបស់កូន ឪពុកត្រូវបង្ហាញឆន្ទៈទទួលស្គាល់កូននោះ។ ប៉ុន្តែ ប្រសិនបើកូននោះមានឪពុកតាមផ្លូវច្បាប់រួចហើយ ពុំអាចទទួលស្គាល់បានឡើយ (ឪពុកតាមផ្លូវច្បាប់ សំដៅដល់ឪពុកដែលកំពុងស្ថិតនៅក្នុងចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ណាមួយ ជាអាទិ៍)។
បើកូនមិនទាន់ដល់អាយុ ១៨ ឆ្នាំ (អនីតិជន) នោះពុំចាំបាច់ទទួលការយល់ព្រមពីកូន និងម្តាយទេ ប៉ុន្តែ បើកូនចម្រើនវ័យដល់អាយុ ១៨ ឆ្នាំ ហើយ (នីតិជន) ចាំបាច់ត្រូវទទួលការយល់ព្រមពីកូននោះ។ ការទទួលស្គាល់ ត្រូវធ្វើឡើងដោយការជូនដំណឹងទៅមន្ត្រីអត្រានុកូលដ្ឋាន ឬ មធ្យោបាយផ្សេងទៀតដែលច្បាប់ទទួលស្គាល់។
៩. ការបែងចែកទ្រព្យសម្បត្តិ
ប្តីប្រពន្ធអាចមានបញ្ហាបែងចែកទ្រព្យសម្បត្តិនៅពេលបញ្ចប់ទំនាក់ទំនងជាមួយគ្នា ជាពិសេសចំពោះទ្រព្យសម្បត្តិណាដែលពុំមានឈ្មោះប្តីប្រពន្ធជាម្ចាស់ទ្រព្យ។
១០. បំណុល
ប្រសិនបើប្តីឬប្រពន្ធខ្ចីបំណុលអ្នកដទៃ ដើម្បីយកមកប្រើប្រាស់ក្នុងជីវភាពគ្រួសារ ដូចជា ការព្យាបាល ការថែទាំកូន ឬការគ្រប់គ្រងទ្រព្យសម្បត្តិ ប្តីឬប្រពន្ធនោះគឺជាអ្នកទទួលបន្ទុកតែម្នាក់ឯង លើកលែងតែការខ្ចីបំណុលនោះដាក់ឈ្មោះប្តីប្រពន្ធជាអ្នកខ្ចី ឬ ប្តី ឬ ប្រពន្ធម្ខាងទៀតបានទទួលស្គាល់បំណុលដែរ។
១១. ការលួចទ្រព្យសម្បត្តិ
ប្រសិនបើប្តីឬប្រពន្ធ បានលួចទ្រព្យសម្បត្តិប្តីឬប្រពន្ធម្ខាងទៀត ប្តីឬប្រពន្ធនោះត្រូវជាប់ទោសពីបទលួច ដោយពុំទទួលបាននូវអភ័យឯកសិទ្ធិគ្រួសារឡើយ (អភ័យឯកសិទ្ធិគ្រួសារ សំដៅដល់ការរួចផុតពីការជាប់ទោសពៃរ៍ ប្រសិនបើលួចទ្រព្យសម្បត្តិរបស់ញាតិ ឬ របស់ប្តីប្រពន្ធស្របច្បាប់)។
១២. ទំនាក់ទំនងញាតិ
ទំនាក់ទំនងញាតិតាមផ្លូវច្បាប់ ពុំត្រូវបង្កើតឡើងឡើយចំពោះប្តីប្រពន្ធដែលរួមរស់នៅជាមួយគ្នាហើយមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍។ ឧទាហរណ៍៖ ពុំមានឈ្មោះជាប្តីប្រពន្ធស្របច្បាប់ដែលច្បាប់ទទួលស្គាល់ (តាមច្បាប់ ប្តីប្រពន្ធស្របច្បាប់ ហៅថា សហព័ទ្ធ)។
១៣. ការចាត់ទុកថាបានចម្រើនវ័យ ១៨ ឆ្នាំ (អត្តាធីនភាព)
ប្តីឬប្រពន្ធដែលមានអាយុយ៉ាងតិច ១៦ឆ្នាំ ហើយដែលបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ឬ បានរួមរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធ មិនត្រូវបានចាត់ទុកបានចម្រើនវ័យ ១៨ ឆ្នាំ ឡើយ (តាមច្បាប់ហៅថា ដល់នីតិភាព)។
កំណត់សម្គាល់៖ អត្ថបទខាងលើត្រូវបានរៀបចំឡើងដើម្បីផ្តល់ជាព័ត៌មានប៉ុណ្ណោះ និងពុំមែនជាកម្មវត្ថុនៃការប្រឹក្សាយោបល់អ្វីឡើយ។ សូមលោក/លោកស្រីស្វែងរកការប្រឹក្សាយោបល់ផ្លូវច្បាប់ជាមួយអ្នកជំនាញ។ មន្ទីរសារការី អេស ខេ វ៉ាយ នៃព្រះរាជាណាចក្រកម្ពុជា សូមរក្សាសិទ្ធិចំពោះអត្ថបទនេះ។
សូមអរគុណ